Archive for August, 2012|Monthly archive page

ប្រស្នា

មានធម្មជាតិមួយពួក នាមដើមជាដំណាំ៖

-ប្រសិនបើ គេកាត់ជើងវាចោលហើយថែមក្បាលឱ្យវា វានឹងក្លាយទៅជារោគ

-ប្រសិនបើ គេកាត់ជើងវាហើយកាត់កន្ទុយវាទៀត វានឹងក្លាយទៅជាមនុស្ស

-ប្រសិនបើ គេកាត់តែជើងនិងរោមកន្ទុយវាខ្លះចេញ វានឹងក្លាយទៅជាវត្ថុមានតម្លៃ

-ប្រសិនបើ គេកាត់ជើងនិងកាត់រោមកន្ទុយខ្លះហើយពាក់ក្បាលឱ្យវា វានឹងក្លាយទៅ ជាសត្វ

តើដំណាំអ្វី? រោគអ្វី? មនុស្សណា? វត្ថុអ្វី? សត្វអ្វី?

ប្រស្នា

តាមក្បួនវេយ្យាករណ៍ខ្មែរ ខ្លួនខ្ញុំជាសញ្ញាមួយដែលមានឋានៈខ្ពស់នឹងគេដែរ ហើយបើ និយាយឱ្យដល់ទៀត ខ្លួនខ្ញុំគេទុកជាតំណាងអាទិទេពមួយរូប ប៉ុន្តែ បើគេបំបែកពាក្យក្នុង សញ្ញានេះចេញជាពីរម៉ាត់ ខ្លួនខ្ញុំនឹងក្លាយទៅជាអ្នកថោកទាបវិញ។

តើខ្លួនខ្ញុំនាមដើមជាអ្វី?

តើពាក្យពីរម៉ាត់ដែលបំបែកចេញទៅជាពាក្យអ្វីខ្លះ?

ប្រស្នាប្រជាប្រិយខ្មែរ

នៅពេលដែលខ្ញុំចេះកកែកករ ឳពុកម្តាយខ្ញុំបានបង្រៀនខ្ញុំឱ្យលែងចាក់ទឹកដូង។ ខ្ញុំនៅចាំបានថា រាល់ពេលដែលពួកគាត់ចាប់ផ្តើមច្រៀង គាត់បង្គាប់ខ្ញុំឱ្យយកចង្អុល​ដៃរបស់ខ្ញុំមកចាក់តិចៗលើបាតដៃ។ គ្រប់ពេលលែងចាក់ទឹកដូង  ខ្ញុំសើច​កក្អិកដោយក្តីសប្បាយរីករាយ ហើយខ្ញុំនៅចាំទំនុកច្រៀង​រហូតមកដល់សព្វថ្ងៃនេះ។

“ចាក់ទឹកដូង មីឡូងមីឡា

កន្ទុយត្រីប្រា មីនាងឧក

អកកំបោរ ប្រចាំថង់

បំពង់ឫស្សី ប្រចាំវែក

ក្បាលទំពែក ក្អែកជុះអាមច៍ដាក់ប៉ក់។”  Continue reading

នគរភ្នំ ឬ ហ្វូណន

បណ្ឌិត អ៊ីវ ច័ន

នៅដើមគ្រិស្តសករាជ រដ្ឋដ៏សំខាន់ជាងគេមួយក្នុងបណ្តារដ្ឋនៅអាស៊ីអាគ្នេយ៍គឺ រាជាណាចក្រខ្មែរ ដែលចិនហៅថា ហ្វូណន (Funan)។

លោក ហ្ស៊ក សឺដេស (G.Coeudes) យល់ថា ហ្វូណនត្រូវនឹងពាក្យខ្មែរបុរាណ “វ្នំ”ដែលត្រូវនឹងពាក្យខ្មែរ បច្ចុប្បន្ន “ភ្នំ”។ លោកបានបញ្ជាក់ថា​ ស្តេចនៅសម័យនោះមានឋានន្តរនាមថា “ស្តេចភ្នំ” ពាក្យខ្មែរបុរាណថា “កុរុងវ្នំ” ត្រូវនឹងសំស្រ្កឹតថា បវ៌តភូបាល។ លោកតែងតែយកឋានន្តរ​នាមនេះប្រើសម្រាប់ហៅប្រទេសដែលមានស្តេចគ្រប់គ្រងផងដែរ។ ចំពោះទម្លាប់ខាង​លើនេះ លោកអៃម៉ូនីយេ (Etienne Aymonier) បានកត់សម្គាល់ឃើញថា ក្នុងសម័យ បុរាណ ចិនមិនបានវែកញែកមនុស្សឱ្យដាច់ពីប្រទេសទេ។ ពួកនេះច្រើនប្រើឈ្មោះតែ មួយសម្រាប់សម្គាល់មនុស្សផង រាជធានីផង និង ប្រទេសទាំងមូលផង ឬ ឋានន្តរនាម​របស់អ្នកដឹកនាំផង។ ដូច្នេះ ហ្វូណនជាពាក្យចិនហៅតាមឋានន្តរនាមរបស់អធិរាជនៃ អាណាចក្រភ្នំគឺ កុរុងវ្នំ ជាភ្នំដែលអធិរាជឡើងទៅជួបនឹងព្រះឥសូរ។ ឯកសារចិនបាន បញ្ជាក់ថា ព្រះអាទិទេពយាងចុះពីលើភ្នំម៉ូតាន់ (Mo-tan) ជាញឹកញាប់ ព្រះអង្គបានយក ទីនោះដើម្បីបញ្ចេញមហុទ្ធិរិទ្ធិរបស់ព្រះអង្គ ព្រះអធិរាជទាំងឡាយបានយាងទៅជួបនិង ទទួលនូវពរជ័យពីព្រះអង្គ ដើម្បីសុំសេចក្តី សុខចម្រើនជូនប្រជារាស្រ្ត។

តើរាជធានីរបស់នគរភ្នំស្ថិតនៅឯណា? បាភ្នំ ឬ អង្គរបុរី?

គ្មានញាតិផៅ (គ្រឹះស្ថានបោះពុម្ពផ្សាយយុវវ័យ)

“Sans famille”: Hector Malot

រឿង”គ្មានញាតិផៅ”ជាប្រលោមលោកឆ្លុះបញ្ចាំងពីជីវិតរបស់កសិករនៅតាមជនបទមួយក្នុងប្រទេស បារាំង ពិសេសគឺខ្សែជីវិតរបស់កុមារម្នាក់ដែលគេយកទៅបោះបង់ចោល។ ក្នុងជំនាន់ដែលអ្នកនិពន្ធសរសេររឿងនេះ    ជនបទមួយចំនួនធំទូទាំងប្រទេសគ្មាន​សាលារៀន កូនក្មេងភាគច្រើនរស់នៅអនាថា  គ្មានទីពឹង  គ្មានការធានារាប់រងពីសង្គម គ្មានយុត្តិធម៌។ល។

សូមឧទ្ទិសរឿងនេះដល់កុមារទាំងអស់លើសកលលោកដែលកំពុងរងគ្រោះដោយការ​អត់ឃ្លាន ដោយជំងឺ និង ការព្រាត់ប្រាស់។

I

ខ្ញុំជាកុមារដែលគេបោះបង់ចោល។ ប៉ុន្តែ រហូតមកដល់ខ្ញុំមានវ័យប្រាំបីឆ្នាំ ខ្ញុំជឿថា ដូច​ជាកូនគេដទៃទៀតដែរ ខ្ញុំមានម្តាយ ពីព្រោះ នៅពេលខ្ញុំយំ មានស្រ្តីម្នាក់យកដៃមក​អង្អែលខ្ញុំយ៉ាងស្រាលថ្មមៗ។ នៅពេលនោះ ខ្ញុំក៏ឈប់យំដោយមិនដឹងខ្លួន។

ពេលខ្ញុំដេក ខ្ញុំមិនដែលដេកម្នាក់ឯងនៅលើគ្រែដោយគ្មានស្រ្តីនោះឱបខ្ញុំទេ។ ខ្យល់រងារ​ត្រជាក់មកពីទិសខាងជើងក្នុងខែធ្នូ  ខ្ញុំឃើញនៅតាមជញ្ជាំងមានព្រិលយ៉ាងក្រាស់  គាត់​យកដៃត្រកងជើងខ្ញុំដាក់ក្បែរគំនរភ្លើង ហើយច្រៀងបំពេរដោយសំឡេងដ៏សែនពិរោះ។ ខ្ញុំបានចាំទំនុកច្រៀងខ្លះៗនៅក្នុងអារម្មណ៍រហូតមកដល់ សព្វថ្ងៃនេះនៅឡើយ។

ថ្ងៃខ្លះពេលដែលខ្ញុំកំពុងឃ្វាលគោ នៅតាមបណ្តោយផ្លូវដែលមានស្មៅលាស់ខៀវខ្ចី ខ្ញុំភ្ញាក់អារម្មណ៍ដោយ សន្ធឹកខ្យល់ និង ទឹកភ្លៀង។ ឃើញដូច្នេះ គាត់រត់មករកខ្ញុំភ្លាម ហើយបង្ខំឱ្យខ្ញុំជ្រកក្រោមក្រណាត់សំពត់ធ្វើពី ជាតិឡែន។

ពេលខ្ញុំមានជម្លោះជាមួយក្មេងដទៃ គាត់ចេះលួងលោម ឬ ជួនកាលឱ្យដំបូន្មានខ្ញុំឱ្យ​បំបាត់ក្តីទុក្ខសោក។

នៅមានអនុស្សាវរីយ៍ជាច្រើនទៀត ដែលធ្វើឱ្យខ្ញុំអាឡោះអាល័យគ្មានថ្ងៃណាបំភ្លេច​បាន។

ដោយបែបបទដែលគាត់ធ្លាប់និយាយមករកខ្ញុំ  ដោយខ្សែចក្ខុដែលគាត់ធ្លាប់សម្លឹងខ្ញុំ​ដោយការថ្នាក់ថ្នម ភាពស្លូតបូតទន់ភ្លន់ទាំងការទូន្មាន និង ស្តីបន្ទោស ខ្ញុំជឿថា គាត់ជាម្​តាយរបស់ខ្ញុំ។

ភូមិកំណើតជាភូមិដែលខ្ញុំមានជីវិតរស់នៅ ពីព្រោះ ខ្ញុំគ្មានភូមិកំណើតណាទៀតទេ។ ភូមិដែលជីវិតខ្ញុំបានឆ្លង កាត់ពីកុមារភាពមក ឈ្មោះភូមិ សាវាណង់។ ភូមិនេះជា​ភូមិមួយក្នុងចំណោមភូមិដែលក្រៗជាងគេនៅប្រទេស បារាំងភាគកណ្តាល។

សេចក្តីក្រខ្សត់នេះ មិនមែនបណ្តាលមកពីភាពសោះអង្គើយ ឬ ខ្ជិលច្រអូសរបស់អ្នក​ភូមិទេ ប៉ុន្តែ បណ្តាលមក ពីស្ថានភាពភូមិសាស្រ្តទឹកដីនៅទីនោះ មិនសូវមានជីជាតិ។ ដើម្បីទទួលបានភោគផលល្អក្នុងមួយឆ្នាំៗ គេត្រូវតែប្រើប្រាស់ជី ឬ សារជាតិផ្សេងៗ​ដែលនៅពេលនោះ ប្រទេសបារាំងខ្វះខាតទាំងស្រុង។ ដីដែលអាច ដាំដំណាំបានមាន​ផ្ទៃតូច រីឯវាលធំធេងបានគ្របដណ្តប់ដោយដើមកន្រ្ទាំងបាយស និង រុក្ខជាតិផ្សេងៗ​ទៀត ដែលគ្មាន​ផលប្រយោជន៍។

ដើម្បីរកឈើល្អៗ ដែលអាចប្រើការបាន គេត្រូវតែចុះពីលើកំពូលភ្នំទៅឱ្យដល់ជ្រោះ​ជ្រលងខាងក្រោម គេនឹងជួបប្រទះដើមស្រល់ ដើមស្ងាវ ដុះនៅទីនោះ។

នៅលើដីទួលបន្តិច ក្បែរប្រឡាយដែលមានប្រភពទឹកពីទន្លេល័រ ម្តាយខ្ញុំបានកសាងផ្ទះ​មួយតូច នៅដើមឆ្នាំដំបូងនៃជីវិតរបស់ខ្ញុំ។ […]

ភាពឆ្លាតវៃ

បន្ទាប់ពីបញ្ចប់ការសិក្សា អ្នកគ្រូម្នាក់បានចូលបង្រៀនក្នុងថ្ងៃទីមួយនៅវិទ្យាល័យមួយ ហើយគាត់ ត្រូវទទួលបន្ទុកថ្នាក់មួយដែលគេគ្រប់គ្នាល្បីថា ជាថ្នាក់សម្បូរសិស្សខិលៗទាំងប្រុសទាំងស្រី។ នេះជាលើកដំបូងហើយក្នុងជីវិត គាត់មានសេចក្តីខ្វល់ខ្វាយនិងភ័យជាខ្លាំង។ ថ្ងៃបវេសនកាលក៏មកដល់ គ្រាន់តែដើរមកដល់មុខថ្នាក់រៀនភ្លាម អ្នកគ្រូជំពប់ជើងដួលនៅពីមុខសិស្ស។ សិស្សទាំងអស់នាំគ្នាសើចគឹល។ គាត់សែនខ្មាស ប៉ុន្តែ ដោយភាពឆ្លាតវៃ គាត់បានផ្លាស់ប្តូរស្ថានភាពដ៏អាក្រក់នេះបានយ៉ាងល្អប្រសើរ ដោយនិយាយពាក្យមួយចំនួនទៅកាន់សិស្ស។ សិស្សគ្រប់ៗគ្នា ស្ងាត់ច្រៀប និងមានការកោត គោរពអ្នកគ្រូគ្រប់ៗគ្នា។

សំណួរ៖ តើអ្នកគ្រូបាននិយាយទៅសិស្សទាំងអស់យ៉ាងដូចម្តេច?

 

 

 

ប្រស្នាបែបគណិតវិទ្យា

តើត្រូវតម្រៀបលេខពី១ដល់៩ បែបណា ដើម្បីឱ្យផលបូកការេទាំងអស់ស្មើ ១៥?

ប្រស្នាបែបគណិតវិទ្យា

គណិតវិទូម្នាក់បានចោទប្រស្នាមួយដល់កូនៗទាំងបីនាក់របស់គាត់ថា ប្រសិនបើ គាត់មានសត្វគោចំនួន ១៧ក្បាល គាត់នឹងបែងចែកចំណែកឱ្យដល់ កូនម្នាក់ៗដូចខាងក្រោម៖

-កូនបងត្រូវបានចំណែកពាក់កណ្តាលនៃចំនួនគោទាំងអស់

-កូនបន្ទាប់ត្រូវបានចំណែក១ភាគ៣នៃចំនួនគោទាំងអស់

-កូនពៅត្រូវបានចំណែក១ភាគ៩នៃចំនួនគោទាំងអស់

តើកូនម្នាក់ៗបានទទួលចំណែកសត្វគោប៉ុន្មានក្បាល? (សត្វគោទាំងអស់នៃចំណែកត្រូវតែជាសត្វគោដែលមានជីវិត)

វីយូឡេត្តា Violetta

I. វីយូឡេត្តា វីយូឡេត្តា    ឈ្មោះស្នេហាដែលចិន្តាប្រាថ្នាចាំ

Violetta Violetta … the only name which i have been waiting for

ឱ! កម្មអើយកម្ម   ទ្រាំចាំយូរឆ្នាំមកហើយ។

It is so unfortunate that you have kept me waiting this long

II. វីយូឡេត្តាបុប្ផាកំសត់  រៀមសន្មតថាមិនព្រាត់ពីត្រាណត្រើយ

Violetta my dearest lover I suppose we cannot be apart

សង្សារបងអើយ   ម្តេចឡើយមិនឆ្លើយវាចា។

Oh my darling why don’t you answer to my question.

R. រៀមសូមសួរចិត្ត   តើគិតយ៉ាងណា?

I just want to know what you are thinking about me?

រៀមចាំទទួលវាចា  វីយូឡេត្តា គ្រប់ពេលវេលា។

I will forever be waiting for your answer.

III. វីយូឡេត្តាសង្សារឧត្តម   រៀមទុក្ខធំបើសិនពុំបានពុំងា

Oh Violetta my darling I will surely feel gloomy if you don’t give me a chance

មករួមជាគ្នា ជាគ្នានៅក្នុងជាតិនេះ។

to be with you for the rest of my life.

 

 

ចៀងដោយលោក ស៊ីន ស៊ីសាមុត

—?

I. វស្សាដល់ហើយម្តេចឡើយមិនភ្លៀង   ធម្មជាតិស្រែកច្រៀងសំនៀងក្រៀមក្រោះ
ទឹកស្ទឹងបឹងបួររីងស្ងួតហួតអស់              តើឲ្យទ្រំារស់ៗរបៀបណា?
II. បើរដូវប្រាំងរីងរាំងទៅហើយ            ឥឡូវម្តេចឡើយឱ្យទ្រូងទុក្ខា
រដូវប្រាំងផុតសង្ឃឹមវស្សា                       សង្ឃឹមចិន្តានឹងបានរីករាយ។
R. តើដល់ទៅថ្ងៃណាៗៗ                        ផ្កាអើយផ្កានឹងរីកស្គុះស្គាយ
បើជាគូរៗមកពីនាយ                             ខ្ញុំសូមផ្តាំតាមព្រះពាយថា
                                     យប់ថ្ងៃនឹកស្រីណាស់។
III. រូបបងស្គាំងស្គមក៏ព្រោះតែស្នេហ៍         ទុក្ខព្រួយឥតល្អែខ្លាចស្នេហ៍ក្រឡាស់
ពៅអើយពៅបងៗបងស្នេហ៍ពៅណាស់  ដល់មេឃស្រឡះសូមជួបពៅអើយ៕

 

ច្រៀងដោយលោក ស៊ីន ស៊ីសាមុត