គ្មានញាតិផៅ (គ្រឹះស្ថានបោះពុម្ពផ្សាយយុវវ័យ)

“Sans famille”: Hector Malot

រឿង”គ្មានញាតិផៅ”ជាប្រលោមលោកឆ្លុះបញ្ចាំងពីជីវិតរបស់កសិករនៅតាមជនបទមួយក្នុងប្រទេស បារាំង ពិសេសគឺខ្សែជីវិតរបស់កុមារម្នាក់ដែលគេយកទៅបោះបង់ចោល។ ក្នុងជំនាន់ដែលអ្នកនិពន្ធសរសេររឿងនេះ    ជនបទមួយចំនួនធំទូទាំងប្រទេសគ្មាន​សាលារៀន កូនក្មេងភាគច្រើនរស់នៅអនាថា  គ្មានទីពឹង  គ្មានការធានារាប់រងពីសង្គម គ្មានយុត្តិធម៌។ល។

សូមឧទ្ទិសរឿងនេះដល់កុមារទាំងអស់លើសកលលោកដែលកំពុងរងគ្រោះដោយការ​អត់ឃ្លាន ដោយជំងឺ និង ការព្រាត់ប្រាស់។

I

ខ្ញុំជាកុមារដែលគេបោះបង់ចោល។ ប៉ុន្តែ រហូតមកដល់ខ្ញុំមានវ័យប្រាំបីឆ្នាំ ខ្ញុំជឿថា ដូច​ជាកូនគេដទៃទៀតដែរ ខ្ញុំមានម្តាយ ពីព្រោះ នៅពេលខ្ញុំយំ មានស្រ្តីម្នាក់យកដៃមក​អង្អែលខ្ញុំយ៉ាងស្រាលថ្មមៗ។ នៅពេលនោះ ខ្ញុំក៏ឈប់យំដោយមិនដឹងខ្លួន។

ពេលខ្ញុំដេក ខ្ញុំមិនដែលដេកម្នាក់ឯងនៅលើគ្រែដោយគ្មានស្រ្តីនោះឱបខ្ញុំទេ។ ខ្យល់រងារ​ត្រជាក់មកពីទិសខាងជើងក្នុងខែធ្នូ  ខ្ញុំឃើញនៅតាមជញ្ជាំងមានព្រិលយ៉ាងក្រាស់  គាត់​យកដៃត្រកងជើងខ្ញុំដាក់ក្បែរគំនរភ្លើង ហើយច្រៀងបំពេរដោយសំឡេងដ៏សែនពិរោះ។ ខ្ញុំបានចាំទំនុកច្រៀងខ្លះៗនៅក្នុងអារម្មណ៍រហូតមកដល់ សព្វថ្ងៃនេះនៅឡើយ។

ថ្ងៃខ្លះពេលដែលខ្ញុំកំពុងឃ្វាលគោ នៅតាមបណ្តោយផ្លូវដែលមានស្មៅលាស់ខៀវខ្ចី ខ្ញុំភ្ញាក់អារម្មណ៍ដោយ សន្ធឹកខ្យល់ និង ទឹកភ្លៀង។ ឃើញដូច្នេះ គាត់រត់មករកខ្ញុំភ្លាម ហើយបង្ខំឱ្យខ្ញុំជ្រកក្រោមក្រណាត់សំពត់ធ្វើពី ជាតិឡែន។

ពេលខ្ញុំមានជម្លោះជាមួយក្មេងដទៃ គាត់ចេះលួងលោម ឬ ជួនកាលឱ្យដំបូន្មានខ្ញុំឱ្យ​បំបាត់ក្តីទុក្ខសោក។

នៅមានអនុស្សាវរីយ៍ជាច្រើនទៀត ដែលធ្វើឱ្យខ្ញុំអាឡោះអាល័យគ្មានថ្ងៃណាបំភ្លេច​បាន។

ដោយបែបបទដែលគាត់ធ្លាប់និយាយមករកខ្ញុំ  ដោយខ្សែចក្ខុដែលគាត់ធ្លាប់សម្លឹងខ្ញុំ​ដោយការថ្នាក់ថ្នម ភាពស្លូតបូតទន់ភ្លន់ទាំងការទូន្មាន និង ស្តីបន្ទោស ខ្ញុំជឿថា គាត់ជាម្​តាយរបស់ខ្ញុំ។

ភូមិកំណើតជាភូមិដែលខ្ញុំមានជីវិតរស់នៅ ពីព្រោះ ខ្ញុំគ្មានភូមិកំណើតណាទៀតទេ។ ភូមិដែលជីវិតខ្ញុំបានឆ្លង កាត់ពីកុមារភាពមក ឈ្មោះភូមិ សាវាណង់។ ភូមិនេះជា​ភូមិមួយក្នុងចំណោមភូមិដែលក្រៗជាងគេនៅប្រទេស បារាំងភាគកណ្តាល។

សេចក្តីក្រខ្សត់នេះ មិនមែនបណ្តាលមកពីភាពសោះអង្គើយ ឬ ខ្ជិលច្រអូសរបស់អ្នក​ភូមិទេ ប៉ុន្តែ បណ្តាលមក ពីស្ថានភាពភូមិសាស្រ្តទឹកដីនៅទីនោះ មិនសូវមានជីជាតិ។ ដើម្បីទទួលបានភោគផលល្អក្នុងមួយឆ្នាំៗ គេត្រូវតែប្រើប្រាស់ជី ឬ សារជាតិផ្សេងៗ​ដែលនៅពេលនោះ ប្រទេសបារាំងខ្វះខាតទាំងស្រុង។ ដីដែលអាច ដាំដំណាំបានមាន​ផ្ទៃតូច រីឯវាលធំធេងបានគ្របដណ្តប់ដោយដើមកន្រ្ទាំងបាយស និង រុក្ខជាតិផ្សេងៗ​ទៀត ដែលគ្មាន​ផលប្រយោជន៍។

ដើម្បីរកឈើល្អៗ ដែលអាចប្រើការបាន គេត្រូវតែចុះពីលើកំពូលភ្នំទៅឱ្យដល់ជ្រោះ​ជ្រលងខាងក្រោម គេនឹងជួបប្រទះដើមស្រល់ ដើមស្ងាវ ដុះនៅទីនោះ។

នៅលើដីទួលបន្តិច ក្បែរប្រឡាយដែលមានប្រភពទឹកពីទន្លេល័រ ម្តាយខ្ញុំបានកសាងផ្ទះ​មួយតូច នៅដើមឆ្នាំដំបូងនៃជីវិតរបស់ខ្ញុំ។ […]

No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: