អំពីព្រះបច្ឆាមរណនាម ព្រះករុណាព្រះបរមរតនសុវណ្ណកោដ្ឋ

ព្រះបាទអង្គឌួងមានព្រះបច្ឆាមរណនាមថា ព្រះករុណាព្រះបរមកោដ្ឋ    រីឯព្រះបាទ​នរោត្តមវិញ ព្រះអង្គមានព្រះបច្ឆាមរណនាមថា ព្រះករុណាព្រះសុវណ្ណកោដ្ឋ។ ព្រះបាទនរោត្តមសីហនុ មានព្រះបច្ឆាមរណនាមថា ព្រះករុណាព្រះបរមរតនកោដ្ឋ

ព្រះបាទអង្គឌួង និង ព្រះបាទនរោត្តម ជាក្សត្រដែលព្យាយាមរក្សាអធិបតេយ្យភាព ឯករាជ្យ បូរណភាពទឹកដីខ្មែរ។ ក្សត្រទាំងពីរអង្គបានព្យាយាមពឹងបារាំងដើម្បីជួយ ការពារប្រទេសខ្មែរពីការរំលោភពីប្រទេសជិតខាង។ បារាំងបានឆ្លៀតឱកាសដាក់ អាណានិគមក្រោមរូបភាពជាអាណាព្យាបាល។ ព្រះបាទនរោត្តមសីហនុជាក្សត្រដែល​បានទាមទារឯករាជពីប្រទេសបារាំងវិញបាន។

តាមយោបល់ខ្ញុំ ចំពោះព្រះបច្ឆាមរណនាមរបស់ព្រះបាទនរោត្តមសីហនុ ព្រះអង្គគួរតែថ្វាយព្រះបច្ឆាមរណនាម​ថា ព្រះករុណាព្រះបរមរតន​សុវណ្ណកោដ្ឋ  ព្រោះជាការបូកបញ្ចូល ព្រះបច្ចាមរណនាមរបស់ ព្រះបាទអង្គឌួង (ព្រះបរម)ជាមួយនឹងព្រះបច្ឆាមរណនាមរបស់ព្រះបាទនរោត្តម (សុវណ្ណ)

9 comments so far

  1. Duong Chan Metta Champavieng on

    ខ្ញុំគិតថាព្រះបច្ឆាមរណនាមថា ព្រះករុណាព្រះបរមរតនកោដ្ឋគឺត្រឹមត្រូវហើយ មិនចាំបាច់ថែមថយអីទៀតទេ ព្រោះបរមរតនមានន័យវិសេស​វិសាល​លើ​សុវណ្ណ​ណាស់​ទៅហើយ។​

  2. Duong Chan Metta Champavieng on

    ខ្ញុំគិតថាការតាំងព្រះបច្ឆាមរណនាមរបស់ព្រះបាទនរោត្តមសីហនុមិនបានកើតពីការផ្សំគ្នារវាងព្រះបច្ចាមរណនាមរបស់ ព្រះបាទអង្គឌួង ជាមួយ​នឹង​ព្រះ​បច្ឆា​មរណ​នាមរបស់ព្រះបាទនរោត្តមទេ តែកើតពីកិត្យានុភាពនិង​ស្នាព្រះហស្ថរបស់ព្រាះអង្គផ្ទាល់។

  3. khimvicheka on

    ខ្ញុំមិនបានថា ការថ្វាយបច្ចាមរណនាមរបស់ព្រះអង្គខុសនោះទេ។ បរមរតន មិនជាការខុសទាស់អ្វីទេ ប៉ុន្តែ ប្រសិនបើ បរមរតនសុវណ្ណកោដ្ឋ អត្ថន័យរឹតតែប្រសើរទ្វេដង វិសេសវិសាលលើស បច្ឆាមរណនាម បរមរតន ទៅទៀត។ សូមពិនិត្យមើលក្នុងវចនានុក្រម ពាក្យ រតនសុវណ្ណ មានន័យល្អគួរយកជាការបាន។ ម្យ៉ាងទៀត ប្រសិនបើ ពិនិត្យមើលប្រវត្តិសាស្រ្ត យើងអាចភ្ជាប់ពីសន្តានឫសគល់នៃវាក្យសព្ទនេះបាន តាមរបាក្សត្រ។ គួរបង្កើតវាក្យសព្ទដែលមានឫសគល់ សមស្របនឹងភាពពិត​ជាក់ស្តែង មិនមែនចេះតែដេកយល់សប្តិបង្កើតនោះទេ។
    តាមពិតនោះ គួរតែថ្វាយបច្ចាមរណនាមថា ព្រះករុណព្រះបរមរតនសុវណ្ណមញ្ជូសា ។

  4. Duong Chan Metta Champavieng on

    អីយ៉ាស់សុទ្ធតែដេកយល់សប្តិបង្កើត​ @_@

    កប់យោបល់

    • khimvicheka on

      ការពិត គ្មានអ្វីដែលត្រូវកប់ទេយោបល់ អ្វីៗក៏អាចទៅរួចដែរនៅស្រុកខ្មែរ!

  5. Duong Chan Metta Champavieng on

    និយាយ បើមិននិយាយល្អ

  6. khimvicheka on

    ត្រូវតែហ៊ាននិយាយ ការដែលមិននិយាយមិនមែនសុទ្ធតែល្អនោះទេ។ សូមកុំទូទៅនីយកម្មសុភាសិត ស្ងៀមជាងស្រដី។

  7. Rasmey on

    បច្ឆាមរណនាមជារឿងសំខាន់ខ្លាំងណាស់ សូមអាននូវអត្ថបទ ដកស្រង់ចេញពី វចនាធិប្បាយព្រះពុទ្ធសាសនារបស់បណ្ឌិតលី រស្មី ភាគ១

  8. Rasmey on

    បច្ឆាមរណនាម [pacchāmaraṇanāma] ប៉័ច-ឆា-មៈរៈណៈ-, បា.សំ. (ន.) < បច្ឆា + មរណ + នាម ។ គឺនាមរបស់ព្រះមហាក្សត្រក្រោយពេលព្រះអង្គសោយទិវង្គត ឈ្មោះថា បច្ឆាមរណនាម ជួនហៅថា ព្រះបរមនាម ក៏មាន។ តាមសិលាចារឹក នៅក្រោយការចូលទិវង្គតរបស់ ព្រះបាទជយវម៌ទី ១ នាឆ្នាំ ៦៨១ នៃ គ.ស. មានការប្រែប្រួលមួយ ដែលបានក្លាយទៅជារាជប្បវេណីដ៏សំខាន់ រហូតដល់សព្វថ្ងៃ គឺការលេចឡើងនូវការប្រើប្រាស់ “បច្ឆាមរណនាម” របស់ព្រះរាជា ។ ព្រះនាមរបស់ព្រះមហាក្សត្រមួយអង្គ តែងមានព្រះនាមយ៉ាងតិច ៣ គឺ៖ ព្រះនាមពេលនៅជាព្រះអង្គម្ចាស់ (មុនពេលឡើងសោយរាជ្យ) ពេលសោយរាជ្យ និងនាមពេលក្រោយចូលទិវង្គត ។ តាមរយៈសិលាចារឹកគេសង្កេតឃើញព្រះនាមរបស់ព្រះមហាក្សត្រ ច្រើនជាបច្ឆាមរណនាម គេមិននិយមចារឹកនាមរបស់ព្រះមហាក្សត្រ ដែលនៅមានព្រះជន្មឡើយ ព្រោះការសាងប្រាសាទ គឺដើម្បីឧទ្ទិសដល់ព្រះមហាក្សត្រទុកក្នុងពេលដែលព្រះអង្គអស់ព្រះជន្ម ។ លុះពេលព្រះអង្គសោយទិវង្គតទៅ ព្រះអង្គបានក្លាយជាព្រះអាទិទេព ឬកើតនៅឋានសួគ៌ដែលត្រូវមានព្រះឋានន្តរនាមថ្មីដែរ ។ ដូច្នេះត្រូវចារឹកព្រះឋានន្តរនាមថ្មី គឺបច្ឆាមរណនាមរបស់ព្រះអង្គ ទុកព្រះអង្គស្មើនឹងព្រះអាទិទេព ។ នាមព្រះមហាក្សត្រ ពេលមានព្រះជន្មនៅសម័យអង្គរ ដែលមាននៅលើសិលាចារឹកសុទ្ធសឹងបញ្ចប់ដោយពាក្យ "ទេវៈ" នៅបន្ទាប់ពាក្យ "វម៌្ម" (វម៌្មទេវៈ) ដូចជាៈ ស្រីជយវម៌្មទេវ (ព្រះបាទជយវរ្ម័នទី៣), ស្រិន្ទវម៌្មទេវ (ព្រះបាទឥន្ទ្រវរ្ម័នទី១), ស្រីយសោវម៌្មទេវ (ព្រះបាទយសោវរ្ម័នទី១), ស្រីហស៌វម៌្មទេវ (ព្រះបាទសហិវរ្ម័នទី១), ជយវម៌្មទេវ (ព្រះបាទជយវរ្ម័នទី៤), ស្រីរាជេន្ទ្រវម៌្មទេវ (ព្រះបាទរាជេន្ទ្រវរ្ម័ន), ស្រីឧទយាទិត្យវម៌្មទេវ (ព្រះបាទឧទយាទិត្យវរ្ម័នទី១), ស្រីជយវីរវម៌្មទេវ (ព្រះបាទជ័យវរ្ម័ន), ស្រីសូយ៌្យវម៌្មទេវ (ព្រះបាទសូរ្យវរ្ម័នទី១), ស្រីឧទយាទិត្យវម៌្មទេវ (ព្រះបាទឧទយាទិត្យវរ្ម័នទី២), ស្រីហស៌វម៌្មទេវ (ព្រះបាទហស៌វរ្ម័នទី៣), ស្រីនឫបតីន្ទ្រវម៌្ម (ព្រះបាទនឫកតីន្ទ្រវរ្ម័ន) ។ ឯពាក្យ បរម ច្រើនប្រើ ជាបទសមាសភ្ជាប់ជាខាងដើមនាមសព្ទនៃបច្ឆាមរណនាមដូចជាៈ ព្រះបាទជយវរ្ម័នទី២ (៨០២-៨៥០) មានបច្ឆាមរណនាម វ្រះបាទ បរមេសូរ, ព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១០) មានបច្ឆាមរណនាម វ្រះបាទ បរមសិវលោក, ព្រះបាទឦសានវរ្ម័នទី២ (៩២៥-៩២៨) មានបច្ឆាមរណនាម វ្រះបាទ បរមរុទ្រលោក, ព្រះបាទជ័យវរ្ម័នទី៤ (៩២១-៩៤១) មានបច្ឆាមរណនាម វ្រះបាទ បរមសិវបទ, ព្រះបាទជយវរ្ម័នទី៥ (៩៦៨-១០០១) មានបច្ឆាមរណនាម វ្រះបាទ បរមវីរលោក, ព្រះបាទសូរ្យវរ្ម័នទី១ (១០០២-១០៥០) មានបច្ឆាមរណនាម វ្រះបាទ បរមនិវ្វាណបទ, ព្រះបាទជយវរ្ម័នទី៦ (១០៨០-១១០៧) មានបច្ឆាមរណនាម វ្រះបាទ បរមកៃវល្យបទ, ព្រះបាទធរនិន្ទ្រវរ្ម័នទី១ (១១០៧-១១១៣) មានបច្ឆាមរណនាម វ្រះបាទ បរមនិស្កលបទ, ព្រះបាទព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០) មានបច្ឆាមរណនាម វ្រះបាទ បរមវិស្ណុលោក, ព្រះបាទព្រះបាទធរណិន្ទ្រវរ្ម័នទី២ (១១៥០-១១–?) មានបច្ឆាមរណនាម វ្រះបាទ មហាបរមនិវ្វានបទ, ព្រះបាទព្រះបាទជ័យវរ្ម័នទី៧ (១១៨១-១២១៨) មានបច្ឆាមរណនាម វ្រះបាទ មហាបរមសៅគតបទ, ព្រះបាទព្រះបាទជ័យវរ្ម័នទី៨ (១២–?-១២៩៥) មានបច្ឆាមរណនាម វ្រះបាទ បរមេស្វរបទ, ព្រះបាទព្រះបាទជ័យវរ្ម័នទី៩ (១៣២៧-១៣៣-?) មានបច្ឆាមរណនាម វ្រះបាទ ជយវម៌្មបរមេស្វរ ជាដើម ។ល។ បុរាណកាលប្រើពាក្យ "បរម" នេះតែជាមួយនឹងបច្ឆាមរណនាមតែប៉ុណ្ណោះ លុះតាំងពីរជ្ជកាលព្រះបាទអង្គឌួង តមក ក៏មិនមានប្រើក្នុងព្រះរាជនាមដែរ គឺប្រើត្រឹមព្រះករុណា ព្រះអង្គដួង មិនមានពាក្យ "បរម" ឡើយ តែមានប្រើក្នុងព្រះឋានន្តរនាមពេលសោយរាជ្យគឺ ព្រះករុណា ព្រះបាទសម្ដេចព្រះហរិរក្សរាមាមហាឥស្សាធិបតីស្រីសុរិយាបរមធ្មិស្សា វរបរមសុរិន្ទ្រាភូវណៃមហាចក្រពត្តិពិសេនាសាធិបាឥស្សរាកម្ពុជរាជាណាចក្រ ឧភតោសុជាតិរវវរ្ម័ន តម្រង់កម្ពុជាមហាប្រទេសសុរិយាណាចក្រភូមិន្ទរាជវិវឌ្ឍន៍ អធិរាជរាមាមហាកាមារដ្ឋធិបាតនរិន្ទ្រា រាជវិសុទ្ធបរមពោធិ ព្រះចៅក្រុងកម្ពុជាធិតី ។ តែសម័យបច្ចុប្បន្នឃើញមានប្រើជាមួយព្រះរាជនាមព្រះមហាក្សត្រទ្រង់សោយរាជ្យដែរ ដូចជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរា-ជាណាចក្រកម្ពុជា និងក្នុងឋានន្តរនាមជា ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី ។ តាមការសិក្សាតមក មិនគួរប្រើពាក្យ "បរម" នេះភ្ជាប់ជាមួយនឹងនាមមនុស្សដែលនៅមានព្រះជន្នឡើយ ព្រោះធ្វើឲ្យថមថយនូវមង្គលិទ្ធិពលៈ ពាក្យនេះគេប្រើជាមួយនឹងបុគ្គលដែលអស់ព្រះជន្មទៅ ដែលជាទីគោរពដ៏ក្រៃលែងដូចជាៈ ព្រះបរមគ្រូ, ព្រះបរមសាស្ដា, ព្រះបរមសព ជាដើម ។
    ការថ្វាយបច្ឆាមរណនាម ច្រើនផ្សាភ្ជាប់ជាមួយនឹងសាសនាមាន ព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនាជាដើម គឺសំដៅដល់ ព្រះសិវៈ ព្រះវិស្ណុ និងព្រះព្រហ្ម ជាដើមដូចជា បរមមេសូរ, វិស្ណុលោក, បរមសិវលោក, បរមព្រហ្មលោក ។ល។ បន្ទាប់ពីសោយទិវង្គតទៅ ព្រះអង្គគឺជាព្រះអាទិទេពដែលតាមជួយថែរក្សាប្រជានុរាស្ត្ររបស់ព្រះអង្គ ទើបថ្វាយព្រះបច្ឆាមរណនាម ថាជា សិវលោក វិស្ណុលោក ឬ ព្រហ្មលោកជាដើម ។ ចំណែកឯព្រះពុទ្ធសាសនាការថ្វាយព្រះបច្ឆាមរណនាម ច្រើនផ្សាភ្ជាប់នឹង ព្រះពុទ្ធ, ព្រះធម៌, ព្រះនិព្វាន ឬ ព្រះពោធិសត្វ ។ល។ ដូចជាៈ បរមពុទ្ធជ័យនាថ, បរមនិវ្វាណបទ, មហាបរមនិវ្វានបទ, បរមនិស្កលបទ, បរមធម្មសាស្ត្រា, បរមលោកេស្វរ ជាដើម ។ បុរាណលោកថ្វាយព្រះបច្ឆាមរណនាម ដើម្បីព្រះអង្គបានក្លាយជាព្រះអាទិទេព, ព្រះពុទ្ធ, ព្រះធម៌, ព្រះពោធិសត្វ, ព្រះនិព្វាន ដែលព្រះនាមនេះ គឺជាមង្គលរបស់នគរ ហើយព្រះអង្គត្រូវជួយថែរក្សាសត្វលោក ជាពិសេស នគរ និងប្រជានុរាស្ត្ររបស់ព្រះអង្គ ។
    ចាប់តាំងពីរជ្ជកាលព្រះបាទអង្គឌួងមក ការថ្វាយព្រះបច្ឆាមរណនាមច្រើនផ្សាភ្ជាប់ជាមួយនឹងកោដ្ឋ ដែលជារបស់សម្រាប់ដាក់សព, ដាក់ធាតុ ដើម្បីយាងព្រះអង្គទៅកាន់ឋានសួគ៌ មិនបានសំដៅដល់ព្រះអាទិទេព, ព្រះពុទ្ធ, ព្រះធម៌ ឬ ព្រះពោធិសត្វ ជាដើមទៀតឡើយ ដូចជាៈ ព្រះបាទអង្គឌួងមានព្រះបច្ឆាមរណនាមថា ព្រះករុណាព្រះបរមកោដ្ឋ, ព្រះបាទនរោត្តម មានព្រះបច្ឆាមរណនាមថា ព្រះករុណាព្រះសុវណ្ណកោដ្ឋ, ព្រះករុណា ព្រះបាទសម្តេច សិរីសុវត្ថិ (នាមដើម អង្គ ស៊ីសុវត្ថិ/អង្គ សំអេង) មានព្រះបច្ឆាមរណនាមថា ព្រះករុណាព្រះរាជានុកោដ្ឋ, ព្រះករុណា ព្រះបាទសម្តេច សិរីសុវត្ថិ មុនីវង្ស មានព្រះបច្ឆាមរណនាមថា ព្រះករុណាព្រះខត្តិយកោ, ព្រះករុណា ព្រះបាទសម្តេច នរោត្ដម សុរាម្រឹត មានព្រះបច្ឆាមរណនាមថា ព្រះករុណាព្រះមហាកាញ្ចនកោដ្ឋ និងព្រះបាទ នរោត្តម សីហនុ មានព្រះបច្ឆាមរណនាមថា ព្រះករុណាព្រះបរមរតនកោដ្ឋ ។ ព្រះបាទអង្គឌួង និង ព្រះបាទនរោត្តម ជាក្សត្រដែលព្យាយាមរក្សាអធិបតេយ្យភាព ឯករាជ្យ បូរណភាពទឹកដីខ្មែរ ។ ក្សត្រទាំងពីរអង្គបានព្យាយាមពឹងបារាំងដើម្បីជួយ ការពារប្រទេសខ្មែរពីការរំលោភពីប្រទេសជិតខាង ។ បារាំងបានឆ្លៀតឱកាសដាក់ អាណានិគមក្រោមរូបភាពជាអាណាព្យាបាល ។ ព្រះបាទនរោត្តមសីហនុជាក្សត្រដែលបានទាមទារឯករាជពីប្រទេសបារាំងវិញបាន ហើយព្រះអង្គជាពុទ្ធសាសនិក មួយព្រះអង្គ ដែលមានប្រជានុរាស្ត្ររបស់ព្រះអង្គប្រមាណ៩០% ជាអ្នកកាន់ព្រះពុទ្ធសាសនា បច្ឆាមរណនាមគួរផ្សាភ្ជាប់ទៅនឹង ព្រះពុទ្ធ, ព្រះធម៌ ឬ ព្រះពោធិសត្វ ជាការប្រសើរបំផុតសម្រាប់ប្រជានុរាស្ត្ររបស់ព្រះអង្គគោរពបូជា ។


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: