ធុងស្រា

ម្ចាស់ផ្ទះសំណាក់តូចមួយក្នុងភូមិគឺលោកហ្សាក់បានមកឈប់រទេះសេះកង់ពីរ​​​របស់ខ្លួននៅមុខផ្ទះលោកយាយ។ គាត់ជាមនុស្សមាឌធំម្នាក់ អាយុ៤០ឆ្នាំ ទឹកមុខក្រហម​ជ្រះ មានក្បាលពោះធំ អ្នកនៅក្នុងភូមិសុទ្ធ​តែដឹង​ថាគាត់ជាមនុស្ស​មានកលល្បិចច្រើន។

គាត់យកសេះចងនឹងដៃរទេះ។ គាត់មានដីមួយដុំនៅជាប់នឹងដីលោក​យាយ ជាយូរមកហើយគាត់មើលឃើញពីទ្រព្យមួយដុំនេះ គាត់ព្យាយាមទិញ​ដី​នេះប៉ុន្មាន​ដងហើយប៉ុន្តែលោកយាយបដិសេធន៍មិនព្រមលក់។“ ខ្ញុំកើតនៅទីនេះ ខ្ញុំក៏ត្រូវស្លាប់នៅទីនេះវិញដែរ។” លោកយាយ​និយា​យ។

នៅពេលគាត់ដើរចូលទៅ លោកយាយកំពុងអង្គុយចិតដំលូងបារាំងនៅមុខ​ផ្ទះ។​គាត់អាយុ៧២ឆ្នាំ ផ្ទៃមុខសុទ្ធ​តែជ្រួញ ដងខ្លួន​ពេញតែស្នាមរមាស់ កោងខ្នង ប៉ុន្តែ​គាត់​​​​​ដូចជាមនុស្សក្មេងអញ្ចឹងមិនស្គាល់អ្វីថាហត់ទេ។     លោកហ្សាក់​យកដៃទះស្មា​របស់គាត់​ដូចជាមិត្តល្អនឹងគ្នា រួចអង្គុយចុះ​នៅលើកៅអីទាបមួយនៅក្បែរនោះ។

“ អេ៎! លោកយាយ ចំណាស់ហើយនៅមាំទាំទៀត? ”

“ ធម្មតាទេ។ ចុះចំណែកឯងវិញ​ ថៅកែហ្សាក់? ”

“ អា៎! មានបញ្ហាសន្លាក់បន្តិច កុំអី អ្វីៗល្អដូចចិត្ត។”

“ ល្អហើយ។”

លោកយាយមិននិយាយអ្វីទៀតទេ។ លោកហ្សាក់នៅមើលគាត់ធ្វើការ ចុង​ម្រាម​​របស់គាត់រឹងដូចជាជើងក្តាម ដូចជាដង្កៀបអញ្ចឹងចាប់ដំលូងប្រផេះ​ពី​ក្នុង​កន្ត្រក​មួយ​មក បង្វិលបន្តិច ហើយដៃម្ខាងទៀតកាន់កាំបិតមួយសំរាប់​ចិត។ ​សំបក​ដំលូងឃ្លាត​ចេញពីសាច់ផ្ទៀបនឹងមុខកាំបិតធ្លាក់មក​យ៉ាង​វែង ពេលដែលដំលូង​ឃើញ​​សល់តែ​សាច់គាត់បោះវាទៅក្នុងធុងទឹកមួយ។ មេមាន់ចាស់បីដើរបន្តបន្ទាប់គ្នាយ៉ាង​លឿន​មក ដើររហូតមកដល់​ក្រោម​​សំពត់​​​គាត់ ក៏ចឹកសំបកដំលូងរួចរត់ចេញ ឆ្ងាយទៅ។​ លោកហ្សាក់មានអា​រម្មណ៍​ពិបាក ស្ទាក់ស្ទើរមិនសំរេចចិត្តអារម្មណ៍​​វិលវល់ ពាក្យ​គាត់នៅនឹង​ចុង​អណ្តាតប៉ុន្តែនិយាយមិនចេញ។ ចុងក្រោយគាត់ក៏​សំរេចចិត្ត៖

“ លោកយាយ……”

“ ឯងមានការអ្វី? ”

“ ដីម្តុំនេះយាយពិតជាមិនសុខចិត្តលក់អោយខ្ញុំទេឬ? ”

“ រឿងនេះមិនបានទេ ឯងកុំសង្ឃឹមអី។ ខ្ញុំប្រាប់ឯងរួចហើយ កុំមកនិយាយច្រំ​ដែរៗ។ ”

“ ប៉ុន្តែខ្ញុំនឹកឃើញវិធីមួយដែលសុទ្ធតែល្អសំរាប់យើងទាំងពីរ។ ”

“ វិធីអ្វី? ”

“ មានវិធីមួយគឺថា យាយលក់ដីនេះអោយខ្ញុំ ប៉ុន្តែទុកអោយយាយនៅ​គ្រប់គ្រង​ថែរក្សាវា។ យាយយល់ទេ? ចាំស្តាប់ខ្ញុំនិយាយហេតុផលប្រាប់។ ”

លោកយាយឈប់ចិតដំលូង ក្រោមត្របកភ្នែកជ្រួញរបស់គាត់បញ្ចេញ​ពន្លឺកែវ​ភ្នែកសំលឹងមើលទៅលោកហ្សាក់ ។

គាត់ក៏និយាយបន្ត៖

“ ខ្ញុំនិយាយអោយយាយបានច្បាស់ ក្នុងមួយខែខ្ញុំអោយយាយ១៥០​ហ្វ្រង់​ ស្តាប់​ច្បាស់ទេ! រាល់ខែខ្ញុំជិះរទេះសេះមកយកកាក់៥ហ្វ្រង់ចំនួន៣០​អោយ​​យាយ ប៉ុន្តែអ្វីៗ​នៅតែដដែល យាយនៅតែរស់នៅក្នុងផ្ទះនេះ ចំណែក​ខ្ញុំ​យាយកុំបារម្ភ យាយអត់ជំពាក់នរណាទាំងអស់ គ្រាន់តែចាំយកប្រាក់ពីខ្ញុំ​ាយអត់ជុំបានហើយ អញ្ចឹងបានទេ? ”

គាត់និយាយរួចដូចជាធូរស្រាលក្នុងចិត្ត ក្នុងចិត្តស្ងប់ស្ងាត់ រួចសំលឹង​មើល​ទៅ​លោកយាយ។

លោកយាយសំដែងលក្ខណៈមិនជឿទុកចិត្តរួចសំលឹងមើលគាត់ចុះ​ឡើង​ ក្នុងចិត្ត​​​កំពុង​គិតតើក្នុងនេះមានកលល្បិចអ្វី? គាត់ក៏សួរ៖

“ នេះចំណែកខ្ញុំ ចុះចំណែកឯងវិញ ដីម្តុំនេះឯងនៅតែយកមិនបាន​ហ្នឹង!”

“ រឿងនេះយាយកុំបារម្ភ ទេវតាអោយយាយរស់១ថ្ងៃ យាយរស់នៅ​ទី​នេះ១ថ្ងៃ នេះជាផ្ទះរបស់យាយ ប៉ុន្តែយាយអោយសាក្សីមួយជួយ សរសេរ​បញ្ជាក់អោយខ្ញុំ ក្រោយយាយផុតទៅពេលណា ដីម្តុំនេះប្រគល់ជាកម្មសិទ្ធ​ឈ្មោះរបស់ខ្ញុំ។ យាយក៏​គ្មានកូនប្រុសស្រី មានតែក្មួយប្រុស វាក៏គ្មានទាក់ទិន​អ្វីដែរ អញ្ចឹងបានទេ? យាយនៅរស់យាយរក្សាការងាររកស៊ីរបស់យាយ ក្នុង១ខែខ្ញុំអោយយាយ កាក់៥​ហ្វ្រង់ចំនួន៣០កាក់ នេះជាប្រាក់ដែលយាយ​រក​បាន។ ”

លោកយាយមានការភ្ញាក់ផ្អើល មិនស្ងប់ ប៉ុន្តែក្នុងចិត្តគាត់រំជើបរំជួល។ គាត់តប៖

“ នោះមិនមែនមិនបានទេ ប៉ុន្តែខ្ញុំត្រូវការពិចាររណាបន្តិចសិន អាទិត្យ​ក្រោយ​ឯងមក​ម្តងទៀត យើងនិយាយគ្នារួចខ្ញុំនឹងប្រាប់ទៅឯងវិញ។ ”

លោកហ្សាក់ក្រោកឈរឡើងរួចដើរចេញទៅ គាត់សប្បាយចិត្តយ៉ាង​ខ្លាំងប្រៀប​ដូចជាស្តេចមួយអង្គទើបនឹងបង្ក្រាប បានអាណាចក្រមួយអញ្ចឹង។

លោកយាយវិញដូចជាមានរឿងធំជាប់នឹងខ្លួន។ យប់នោះគាត់មិនបាន​ដេក​សោះ បួនថ្ងៃពេញគាត់គិតមិនចេញហើយមានការពិបាក ជាខ្លាំង។ គាត់ហាក់ដូចជា​មានអារម្មណ៍ថាក្នុងនោះមានអ្វីម៉្យាងដែលមិនមាន​ប្រយោ​ជន៍​​សំរាប់គាត់ ប៉ុន្តែចិត្ត​ម៉្យាងគិតថា១ខែៗ មានកាក់សភ្លឺៗ៣០ហូរ​ចូលហោ​ប៉ៅ​របស់ខ្លួនសូរក្រិកៗ ការងារ​​​​អ្វី​ក៏​មិនចាំបាច់ធ្វើដែរ ដូចជាទេវតាប្រទាន​អោយ ចិត្តលោភលន់ដូចជា ដង្កូវចោះខាំៗ។

គាត់ក៏រត់ទៅរកសាក្សីនិយាយរឿងនេះប្រាប់ទៅគេ។​ សាក្សីប្រាប់​អោយ​គាត់​ឆ្លើយយល់ព្រមនឹងលោកហ្សាក់ប៉ុន្តែទាមទារគាត់៥០កាក់ មិន​មែន​៣០កាក់នោះទេ ព្រោះដីរបស់គាត់តំលៃយ៉ាងតិចក៏៦ម៉ឺនហ្វ្រង់ដែរ។

“ បើយាយអាចរស់បាន១៥ឆ្នាំទៀត ” សាក្សីនិយាយ          “ យោលតាមការបង់ប្រាក់របៀបនេះ គាត់ចំនាយត្រឹមតែ៤ម៉ឺន៥ពាន់​ហ្វ្រង់ប៉ុណ្ណោះ។ យាយស្តាប់លឺ១ខែ អាចយកបានកាក់៥ហ្វ្រង់ចំនួន៥០កាក់ក៏​ភ្ញាក់​​ផ្អើលនិយាយ​បន្លឺមិនឈប់ ប៉ុន្តែគាត់ នៅតែមិនទុកចិត្តខ្លាចមានរឿងអ្វី​កើត​ឡើងដោយស្មានមិន​ដល់ ហើយខ្លាចមានល្បិចកលអ្វីនៅពីក្រោយ​នោះ គាត់នៅអង្គុយទីនោះសួរលិចសួរកើតមិនទៅវិញ​រហូត​ដល់មេឃងងឹត។

ចុងបញ្ចប់ទើបគាត់ប្រាប់ទៅសាក្សីអោយត្រៀមរៀបចំអក្សរបញ្ជាក់។ ត្រលប់មកផ្ទះវិញ ក្នុងខួរក្បាលវិលវល់ដូចជាទើបនឹងផឹកស្រា​ផ្លែប៉មដែល​ទើបនឹង​បិតរួច៤កំប៉ុងអញ្ចឹង។

ពេលដែលលោកហ្សាក់ត្រលប់មករក គាត់ធ្វើជាធម្មតាមិនឈឺឆ្អាល និយាយថា​មិនព្រម​ ប៉ុន្តែក្នុងចិត្តខ្លាចខុសនឹងការទាយទុកជាមុន ខ្លាចលោក​ហ្សាក់​មិនព្រមអោយ៥០កាក់។​ ក្រោយមកគាត់ក៏និយាយបង្ខំលោកយាយ យាយក៏លើក​ឡើងពីអ្វី​គាត់ចង់បាន។

គាត់អស់សង្ឃឹមជាខ្លាំង បដិសេធន៍យ៉ាងរហ័ស។ ដើម្បីបញ្ចុះបញ្ចូលគាត់ យាយនិយាយហេតុផលជាច្រើន ប្រាប់ថាគាត់ប្រហែលជារស់មិនយូរទៀតទេ។

“ យ៉ាងយូរខ្ញុំអាចរស់បាន៥ទៅ៦ឆ្នាំទៀត ឥឡូវខ្ញុំជិត៧៣ឆ្នាំហើយ សុខភាពក៏​មិនមាំទាំដែរ។ យប់ថ្ងៃមួយ ខ្ញុំគិតថាមុខតែស្លាប់ហើយ” ដូចជាមនុស្សបារយកគ្រឿង​ក្នុងចេញពីខ្លួនអញ្ចឹង ក្រោយមកបានអ្នកស្រុកជួយលើកខ្ញុំដាក់លើគ្រែ។ ”

ប៉ុន្តែលោក។មិនចាញ់បោកគាត់ទេ។

“ ឈប់និយាយ ឈប់និយាយ យាយរឹងម៉ាំដូចនាឡិកានៅលើវិហារ យាយអាច​រស់បានយ៉ាងហោចណាស់ដល់១១៥ឆ្នាំ យាយមុខតែស្លាប់ក្រោយខ្ញុំទេ។ ”

ពេលវេលាពេញមួយថ្ងៃរសាត់បាត់ទៅដោយការជជែកគ្នានេះ។ លោកយាយ​មិនព្រមថយក្រោយមួយជុំហ៊ាន លោកថៅកែ។មានតែបង្ខំចិត្តអោយគាត់៥០​កាក់។

ថ្ងៃបន្ទាប់ ពួកគេចុះហត្ថលេខា។ លោកយាយថែមទាំងទារយកប្រាក់១០កាក់ថ្លៃ​ស្រារបស់គាត់ទៀតផង។

៣ឆ្នាំផុតទៅ។ លោកយាយម្នាក់នេះនៅតែមាំទាំ។ គាត់ដូចជាគ្មានប្លែកបន្តិច​សោះ លោក។។វិញមានការអស់សង្ឃឹមជាខ្លាំង។ គាត់យល់ថា ប្រាក់នេះដូចជាបង់​អោយគេពាក់កណ្តាលសតវត្សន៍អញ្ចឹង គិតថាចាញ់បោកគេ​ រលាយទ្រព្យអស់។ បន្តិចទៀតគាត់ត្រូវចេញរទេះសេះទៅមើលលោកយាយម្នាក់នេះ មិនខុសអ្វីពី​ទៅវាលស្រែមើលតើស្រូវទុំអាចច្រូតកាត់បានរឺនៅ។ លោកយាយប្រើក្រសែ​ភ្នែកគួរអោយក្នាញ់មើលទៅគាត់ ដូចជាក្នុងខ្លួនមានមោទនៈភាពនឹងអ្វីដែល​គាត់​អាចធ្វើបានដូច្នេះ ចំនែកលោក។។វិញ បន្តិចក្រោយមកក៏ដើរទៅរទេះសេះខ្លួនវិញ រួចរអ៊ូរ៖

“ ស្វាកញ្ចាស់ឯងនេះ មិនចេះស្លាប់សោះ។ ”

គាត់អោបដៃ ពេលឃើញយាយនោះម្តងៗចង់តែច្របាច់អោយស្លាប់។ គាត់ស្អប់លោកយាយនោះជាខ្លាំង ដូចជាស្អប់នរណាម្នាក់លួចយកអ្វីពីគាត់។

គាត់ក៏ចាប់ផ្តើមគិតនូវឧបាយកល។ដល់ថ្ងៃមួយ គាត់មកមើលលោកយាយនោះម្តងទៀត។​ លើកនេះដូចជាលើកទី​មួយដែលមកពិភក្សាគ្នារឿងដីអញ្ចឹង គាត់សប្បាយចិត្តជាខ្លាំងដោយយកដៃទាំងពីរ​ត្រដុះគ្នា។

និយាយលេងមួយសន្ទុះក្រោយមក គាត់និយាយ៖

“ លោកយាយ ពេលចេញចូលតាមភូមិ ម្តេចមិនចូលទៅញ៉ាំបាយខ្ញុំឯណោះ​មួយពេល? មានអ្នកក្រៅនិយាយថាទំនាក់ទំនងយើងទាំងពីរប្រេះស្រាំ។ ខ្ញុំស្តាប់លឺរួច​ពិបាកក្នុងចិត្ត។ យាយដឹងតើថាទៅញ៉ាំបាយខ្ញុំឯណោះមិនបាច់អស់ប្រាក់ទេ។ ញ៉ាំ​បាយមួយពេលខ្ញុំមិនគិតលើសខ្វះអ្វីទេ អោយតែយាយចង់ទៅ កុំខ្លាចក្រែងអី​ យាយ​មកញ៉ាំខ្ញុំបែរជាសប្បាយចិត្តទៅវិញទេ។ ”

បន្ទាប់នោះមក លោកយាយ។។មិនចាំបាច់លឺពាក្យអញ្ជើញជាលើកទី២ទេ។

ថ្ងៃទី៣គាត់ជិះសេះរបស់គាត់ទៅដល់ផ្ទេះសំណាក់លោកហ្សាក់ ទៅដល់ទីនោះ គាត់យកសេះចងនឹងរោងសេះលោក។​រួចក៏អោយអ្នកគ្រប់គ្រងហាងយកបាយថ្ងៃត្រង់​មកពិសារ។

ម្ចាស់ហាងត្រេកអរក្នុងចិត្ត បំរើគាត់ដូចជាបំរើម្ចាស់ក្សត្រីអញ្ចឹង មានមាន់ទា ពោះវៀន មាន​មឹគ ភ្លៅចៀម សាច់បន្ទះជាមួយនឹងស្ពៃបូគោ។ ប៉ុន្តែគាត់មិនបាន​ញ៉ាំអ្វីច្រើនសោះ តាំងពីតូចមក ជីវិតគាត់រស់នៅយ៉ាងសន្សំសំចៃ គាត់ហុតតែស៊ុប និងញ៉ាំនំបុ័ងដែលមានលាបប័របន្តិច។

លោក។។មានការខកចិត្ត ត្រឹមតែបញ្ចុះបញ្ចូលអោយគាត់ញ៉ាំ លោកយាយអ្វីក៏​មិនផឹក សូម្បីតែកាហ្វេក៏មិនផឹកដែរ។

គាត់សួរ៖

“ យាយផឹកមួយកែវតូចមិនអីទេ។ ”

“ មិនអីទេ។ ខ្ញុំមិនថាអីទេ។ ”

គាត់ស្រែកយ៉ាងពេញមាត់ទៅចុងម្ខាងទៀត៖

“ រ៉ូសា ប្រញាប់យកប្រានឌីមក យកអាលេខមួយ យកអាសុទ្ធ! ”

អ្នកបំរើស្រីដើរចេញមក ក្នុងដៃកាន់ដបវែងមួយ នៅលើសំបកដបមានបិទរូប​សញ្ញាស្លឹកទំពាំងបាយជូរ។

គាត់ចាក់ដាក់កូនកែវពីរ។

“ សាកភ្លក់មើល លោកយាយ នេះជារបស់ល្អ។ ”

លោកយាយក៏ចាប់ផ្តើមភ្លក់បន្តិចម្តងៗ រហូតដល់សល់ដំណក់ៗចាក់ចូលទៅ​ក្នុងមាត់របស់គាត់ រួចគាត់និយាយ៖

“ ឆ្ងាញ់មែន ពិតជាស្រាល្អ។ ”

គាត់និយាយមិនទាន់ចប់ផង លោកហ្សាក់បានចាក់ស្រាលើកទីពីរអោយគាត់​ទៀត គាត់ចង់បដិសេធន៍ ប៉ុន្តែមិនទាន់ពេល។ ដូចជាលើកទីមួយដែរ គាត់ភ្លក់បន្តិចម្តង​ៗ​យូរបន្តិចទើបអស់។ គាត់ចង់អញ្ជើញលោកយាយពិសារជាលើក​ទី៣លោក​យាយ​បដិសេធន៍។

គាត់និយាយបញ្ចុះបញ្ចូល៖

“ យាយមើល ដូចតែទឹកដោះគោ ខ្ញុំផឹក១០កែវ ២០កែវយ៉ាងស្រួល ចូលទៅក្នុង​ពោះដូចជាស្ករអញ្ចឹង មិនតឹងពោះ ហើយក៏មិនឈឺក្បាល និយាយទៅ មកត្រឹម​អណ្តាតក្លាយជាចំហាយហើរចេញអស់ គ្មានអ្វីធ្វើអោយមានសុខភាពល្អជាងនេះ​ទៀតទេ។ ”

ដើមឡើយគាត់ក៏ចង់ផឹកដែរ ដូច្នេះក៏មិនបដិសេធន៍អ្វីទៀត​ គ្រាន់តែគាត់ផឹក​អស់កន្លះកែវ។ ពេលនោះ លោក។។ប្រែជាចិត្តទូលាយ និយាយខ្លាំងៗ៖

“ ល្អ បើចូលចិត្តស្រានេះ ខ្ញុំជូនយាយមួយធុងតូច គ្មានស្អីទេ គ្រាន់តែចង់អោយ​យាយដឹងថាយើងនៅតែជាមិត្តល្អនឹងគ្នារហូត។ ”

លោកយាយក៏មិនបានបង្ហាញឬកពារថាមិនចង់យក រួចក៏ដើរចេញទៅ។ តិចច្រើនគាត់ក៏ស្រវឹងខ្លះហើយ។

ថ្ងៃបន្ទាប់ ម្ចាស់ផ្ទះសំនាក់លោក។។ទៅដល់ផ្ទះលោកយាយទៀត បន្ទាប់មកក៏​អូសចេញពីរទេះសេះនូងស្រាមួយធុងតូចដែលមានរុំដែកជុំវិញ។ គាត់ចង់អោយ​លោក​​យាយជួយភ្លក់មើល​ ថាវាពិតជាស្រាប្រានឌីល្អលេខមួយ។ ដល់ពេលពួកគាត់​ផឹកអស់ម្នាក់៣កែវរួចមក គាត់ក៏ក្រោកឈរឡើងរួចនិយាយ៖

“ យាយក៏ដឹងដែរ ផឹកអស់កន្លែងខ្ញុំឯណោះនៅមានទៀត កុំខ្លាចចិត្ត។ ខ្ញុំមិន​មែនជាមនុស្សគិតលើសខ្វះនោះទេ ផឹកអស់កាន់តែឆាប់ ខ្ញុំកាន់តែសប្បាយចិត្ត។ ”

រួចមកគាត់ក៏ឡើងរទេះសេះគាត់ទៅវិញ។

៤ថ្ងៃក្រោយមកគាត់ក៏ត្រលប់មកវិញទៀត។ លោកយាយកំពុងអង្គុយនៅមុខ​ផ្ទះហាន់នំបុ័ងដាក់ស៊ុប។ គាត់ដើរទៅដល់មុខ សួរសុខទុក្ខលោកយាយ រួចនិយាយ​លេងជាមួយនឹងលោកយាយយ៉ាងប្រកិតទៅនឹងច្រមុះដើម្បីហិតមើលក្លិនចេញពីក្នុងមាត់។ គាត់ហិតដឹងមានក្លិនស្រា ដូច្នេះគាត់ក៏លើកចិញ្ចើមលើកភ្នែក។

“ យាយអត់អញ្ចើញខ្ញុំផឹក១កែវទេ? ” គាត់និយាយ។

ពួកគាត់ជល់កែវជាមួយគ្នា​ ផឹកអស់២ ៣កែវ។

រំលងមិនប៉ុន្មានផង អ្នកស្រុកក៏និយាយពីលោកយាយ។ គាត់តែងតែផឹកម្នាក់​ឯងរហូតដល់ស្រវឹងអត់ដឹងខ្លួន ពេលខ្លះស្រវឹងដេកនៅផ្ទះបាយ ពេលខ្លះដេកនៅមុខ​ផ្ទះ ពេលខ្លះដេកនៅក្បែរផ្លូវជិតនោះ ដូចជាមនុស្សស្លាប់អញ្ចឹងគ្មានដឹងខ្លួន ពួកគេ​មានតែជួយសែងគាត់មកផ្ទះ។

លោកហ្សាក់មិនបានទៅផ្ទះលោកយាយទៀតទេ ពេលលឺនរណាម្នាក់និយាយ​ពី​លោកយាយគាត់តែងតែនិយាយទាំងជ្រួញចិញ្ចើម

“ គាត់ចំណាស់នឹងហើយ ហើយទំលាប់អញ្ចឹងទៀត ។ ឯងមើល ចំណាស់ហ្នឹង​ហើយ និយាយស្អីទៀត។ យូរឆាប់ចាញ់បោកគេទើបចប់។”

ពិតណាស់ គាត់ចាញ់បោកគេ។ ឆ្នាំក្រោយនារដូវរងារ នៅជិតដល់ពេលបុណ្យ

ណូអែល គាត់ផឹកដល់ស្រវឹងគ្មានដឹងខ្លួន ដួលស្លាប់នៅលើទឹកកក។

លោកហ្សាក់ទទួលកេរមរតកបន្ត។ គាត់និយាយថា៖

“ យាយម្នាក់នេះ បីគាត់មិនល្មោភផឹកទេ អាចរស់បាន១០ឆ្នាំទៀតយ៉ាងស្រួល។

No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: