ផ្គរផ្ដាំក្តាមខ្យង

ហ្វួងវិសេសអក្ខរា ដូង

ផ្គរផ្ដាំក្ដាម (បទកាកគតិ)

ព្រហាមផ្គរធ្ងន់

ផ្គរពុំទុរជន                  នឹងក្ដាមឡើយណា

ហាក់ដូចញាតិសាច់    សន្ដានផងគ្នា

បទចេញវស្សា             ផ្គរនឹងលាទៅ។

ផ្គរមានមេត្តា

ផ្គរផ្ដាំក្តាមថា               ត្បិតក្ដាមកម្លៅ

ថាវ៉ីយអស់ក្ដាម           ធ្វើរន្ធឲ្យជ្រៅ

ខ្លួនងកម្លៅ                  ជាសត្វតិរិច្ឆាន។

អញនឹងលាទៅ

អញឲ្យហៅចៅ           មកប្រាប់ប្រមាណ

ក្រែងអត់ពីអញ          មានភ័យក្នុងប្រាណ

រិះគិតរកឋាន               លំនៅកំបាំង។

រកកៀនរកកោះ

កន្លៀតចន្លោះ             ប្របមាត់ត្រពាំង

តាំងពីឥឡូវ                 កុំឲ្យដល់ប្រាំង

ក្រែងដីរឹងគាំង                        កកាយមិនបាន។

ព្រោះអញបាននៃ

ឮមនុស្សស្រដី             ចង់ឆីក្បាលភាន

ថាឯងពិសា                 អាត្មាឯងមាន

ខ្លាញ់ពន់ប្រមាណ      ថានឹងដុតឆី។

មនុស្សលោកវាចា

បុកក្ដាមពិសា              នឹងអម្ពិលខ្ចី

នឹងស្លឹកសណ្ដែក         នឹងម្អមលាស់ថ្មី

បុកពុំទាន់ឆី                 ស្រក់ទឹកមាត់មុន។

មនុស្សលោកវាចា

ខែចេញវស្សា              ក្ដាមរែងខ្លាញ់លន់

ទន្ទឹងតែព្រឹក               វាដើររកគន់

បើវាឃើញរន្ធ              វាជីកយកហោង។

ខ្លះរកជញ្ចត់

វាថាឯងកាត់                ស្រូវវាជាម្ដង

ប្រាមប្រាប់កូនចៅ       សាច់ផៅញាតិផង

កុំឲ្យឃ្នើសឃ្នង                        ប្រហែសខ្លួនប្រាណ។

ខ្លួនឯងពាយងាយ

ម្ដេចមកកកាយ           ភ្លឺស្រែជាឋាន

លិចទឹកទាល់អស់        ស្រូវលាស់ពុំបាន

វាជីកយកប្រាណ        ជាអាហារវា។

វាយកទៅដុត

ខ្លាញ់ឯងរលត់                        ទាំងភ្លើងសោះសា

ឆ្អិនស្រេចហើយនៃ     បុកវៃទំពា

ក្រិបក្រុបមហិមា         ផ្សំនឹងបាយកក។

វាឆីខ្លួនឯង

វាថាជាល្បែង              ឆ្ងាញ់ដូចគេត្បក

បើឆីទទេ                      មិនដូចបាយកក

វាចង់ទៅរក                 នឹងដុតឆីទៀត។

ចៅឯងរិះរក

ត្រពាំងមានថ្ម              ចៅយកខ្លួនសៀត

ប្រយ័ត្នឲ្យល្អ               ប្របថ្មចង្អៀត

បំបាំងប្របៀត                        កុំឲ្យឃើញខ្លួន។

ចៅមើលមនុស្សលោក

វាដើរមកឈ្ងោក          រវៀសរត់ពួន

ឲ្យវាកំបាំង                   ខាងច្រាំងលាក់ខ្លួន

កុំឲ្យវាជួន                    វាចាប់យកទៅ។

ត្បិតអញអាសូរ

ជួយរិះគិតគូរ              ប្រាមប្រាប់ប្រដៅ

អញយល់អស់ក្ដាម     តាមតែនឹងទៅ

ឲ្យមនុស្សក្បាលខ្មៅ    វាយកជីកបាន។

ផ្ដែផ្ដាំស្រេចហើយ

ទើបក្ដាមឆ្លាស់ឆ្លើយ    អ្នកអើយសូមទាន

អ្នកស្មើឪពុក                បង្កើតខ្ញុំបាន

ស្មើអ្នកធ្វើឋាន             ឲ្យខ្ញុំនៅហោង។

បទអ្នកប្រដៅ

អស់អាថ៌រាក់ជ្រៅ        ខ្ញុំអរកន្លង

គុណអ្នកក្រាស់ក្រៃ     ថ្លាថ្លៃជាម្ដង

ខ្ញុំចាប់ចាំចង                ទុកលើសិរសា។

ផ្គរអើយអ្នកស្ដាប់

ខ្ញុំនឹងថ្លែងប្រាប់           ពីខ្លួនខ្ញុំណា

មានកាលមួយថ្ងៃ        ខ្ញុំចរយាត្រា

រកឆីនៅនា                   ថ្លុកមួយធំក្រៃ។

វាដើរងងះ

ស្រាប់តែពើបពះ         ចេញមករវៃ

ក្រលេកឃើញខ្ញុំ          លោតច្រំនឹងដៃ

តេជៈខ្ញុំថ្លៃ                    ខ្ញុំវេះរួចហោង។

ខ្ញុំផ្ទាប់ក្រោមគល់

វារកពុំយល់                 វាស្ដាយកន្លង

វាថាក្ដាមធំ                   ឆីបាយឆ្អែតម្តង

វាចោរទ្រើសឃ្នាង        ចង់បានខ្ញុំណា។

វាចាប់ពុំបាន

វាដើរទៅឋាន              ឯទៀតសោះសា

ចាប់អស់ក្ដាមផង         ដាក់ក្នុងត្រកវា

ហើយចយាត្រា           វិលវឹងទីស្ថាន។

ខ្ញុំមើលទៅយល់

ក្នុងត្រករងល់              កង្កែបក្ដាមផង

ខ្ញុំគិតអនិច្ចា                 អត្មាខ្ញុំហោង

ក្រែងដូចក្ដាមផង        នៅក្នុងត្រកវា។

ផ្គរអើយខ្ញុំ

ត្រង់ជីកត្រង់ខារ         ខ្ញុំខ្លាចណាស់ណា

វាឈឺអស់អង្គ               វាខ្លោចវាផ្សា

វាមុតអត្មា                    របើកខ្ចាត់ខ្ចាយ។

បើនៅតែខ្ញុំ

ធ្វើរន្ធមិនធំ                  មិនឲ្យឃើញងាយ

បទតែកង្កែប               ស្របែបអន្តរាយ

វាទៅនៅលាយ                        ខូចទាំងជាកាច។

បើឭភ្លៀងម្ដង

វាយំរំពង                     ហើយលោតប្រសាច

វាសើចវាលេង             មិនក្រែងមិនខ្លាច

វាអាងអំណាច                        អ្វីនៅខ្លួនវា។

មិនរាងមិនចាល

គេធ្វើងៀតហាល        ដុតឆីពិសា

វាយកទោលាត់           វាកាត់បាទា

កាត់ទាំងសិរិសា           ហើយវាសំអុះ។

វាក៏បង់ម្រេច

នូវខ្ទឹមបន្តិច                 ប្រហុកបង់ចុះ

ហើយបង់ស្លឹកគ្រៃ       បង់ខ្ញីបង់សោះ

ភ្លក្សហើយវាអុះ          ពិសាក្ដាត់ហោង។

កង្កែបពាលោ

វាលេងសើចហ៊ោ         មិនគិតក្រែងឆ្គង

វាមិនដូចខ្ញុំ                   បារម្ភក្ដាត់ហោង

ចាំពាក្យអ្នកបង           អ្នកផ្ដែផ្ដាំថា។

ក្តាមអើយក្ដាមស្ដាប់

អញនឹងថ្លែងប្រាប់      អញនឹងលាកលោ

ចូរក្ដាមប្រយ័ត្ន                        នឹងមនុស្សផងណា

វាមកពាធា                   យកក្ដាមឆីបាន។

ក្ដាមអើយអញលា

អញចរយាត្រា                        ត្រាច់ត្រង់ទៅស្ថាន

ខែចែត្រចូលឆ្នាំ                       អញវិលមកថ្កាន

ត្បិតងារក្នុងប្រាណ     អញវិលវិញហោង៕

វាយអត្ថបទដោយលោក​ឃឹម​វិច្ឆិកា

Advertisements

No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: